ប្រតិបត្តិការរុករកនិងស្រង់យកគ្រាប់យុទ្ធភណ្ឌក្នុងនាវាចម្បាំង ដែលបានលិចក្នុងទន្លេមេគង្គក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ក្នុងសម័យសង្ក្រាមឆ្នាំ១៩៧០ដល់ ១៩៧៥ បានប្រទះឃើញស្លាកឈ្មោះទាហានម្នាក់ដែកចំនួនមួយ និង គ្រាប់យុទ្ធភណ្ឌប្រមាណជាងប្រាំមួយតោន។
លោកឧត្តមសេនីយ៍ទោ ម៉ី សុភា មេបញ្ជាការបោសសម្អាតគ្រាប់មិនទាន់ផ្ទុះ នៃមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងរក្សាសន្តិសុខបោសសម្អាតមីន និងកាកសំណល់សង្គ្រាម បានឲ្យដឹងនៅថ្ងៃទី២៦ មករា ២០២១នេះថា៖ លទ្ធផលនៃយុទ្ធនាការរបស់កងកម្លាំងជំនាញបានប្រមូលស្រង់គ្រាប់កាំភ្លើងចេញពីក្នុងនាវាចម្បាំង ដែលបានលិចនៅបាតទន្លេមេគង្គ ស្រុកស្រីសន្ធរ និង ស្រុកកងមាស អំឡុងឆ្នាំ១៩៧០-១៩៧៥ គឺសរុបប្រហែលជាង ៦.០០០ គីឡូក្រាម។
លោកឧត្តមសេនីយ៍ ម៉ី សុភា បានមានឲ្យដឹងទៀតថា ក្នុងនោះមានគ្រាប់កាំភ្លើងត្បាល់ទំហំ ៨១ មីល្លីម៉ែត្រ ៦០មីល្លីម៉ែត្រនិងគ្រាប់កាំភ្លើងយន្ត១២,៧មីល្លីម៉ែត្រ។ ជាមួយនេះ ក្រុមរុករកបានប្រទះឃើញស្លាកឈ្មោះទាហានម៉ារីនខ្មែរម្នាក់ ដែលសរសេរជាភាសាបារាំង CHHIM-CHHEANG-LY Marine Nationale Khme’re , ដែកចំនួនមួយ និង កាំបិតទាហានមួយ តែមិនប្រទះឃើញឆ្អឹងជាសាកសពមនុស្សទេ។
លោកឧត្តមសេនីយ៍ ម៉ី សុភា បានបន្ថែមថា ប្រតិបត្តិការបាននិងកំពុងរុករកប្រមូលគ្រាប់យុទ្ធភណ្ឌនេះ ក្រុមរុករកបានធ្វើក្រោមផ្ទៃទឹកទន្លេជុំវិញនាវា ដែលលិចចំនួនពីរគ្រឿង ដែលបានកប់ក្រោមខ្សាច់ជម្រៅប្រមាណប្រាំម៉ែត្រ ក្នុងជម្រៅទឹកទន្លេចាប់ពី ២០ ទៅ ៣០ម៉ែត្រ ក្នុងរង្វង់ផ្ទៃបានទន្លេប្រហែល ១៥០ហិកតា។
គួរបញ្ជាក់ថាយុទ្ធនាការនេះ បានចាប់ផ្តើមតាំងពីចុងឆ្នាំ២០២០ក្រុមរុរកមិនទាន់អាចកំណត់បានពេលច្បាស់លាស់ ក្នុងការស្រង់យកនាវាចម្បាំងឡើងមកលើគោកនៅពេលណានោះទេ៕ ប្រភព កម្ពុជាថ្មី