ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុ​ប​) ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០២០ ខាង​មុខ​នេះ​ត្រូវ​បន្ដ​រឹត​បន្ដឹង​ដដែល​ដូច​ឆ្នាំ​មុន​ៗ

0
109

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា បាន​ប្រកាស​ជា​ថ្មី​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុ​ប​)​នៅ​តែ​រឹត​បន្តឹង​ដូច​ឆ្នាំ​មុន​ៗ​ដដែល ដើម្បី​កុំ​ឲ្យ​មានការ​រើសអើង​រវាង​សិស្ស​ប្រឡង​សម័យ​កូ​វី​ដ និង​សិស្ស​ប្រឡង​សម័យ​គ្មាន​កូ​វី​ដ ។ការ​បញ្ជាក់​របស់​លោក​រដ្ឋមន្ត្រី ខណៈ​ពេល​ដែល​ការ​ប្រឡង​សញ្ញាបត្រ​នេះ កាន់តែ​រំកិល​ខិត​ជិត​ចូល​មក​ដល់​នៅ​ក្នុង​ខែ​ខាង​មុខ​នេះ ។

លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ដ្រីក្រសួង​អប់រំ យុវជន និង​កីឡា​បាន​បញ្ជាក់​ថា ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុ​ប​) ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០២០ ខាង​មុខ​នេះ​ត្រូវ​បន្ដ​រឹត​បន្ដឹង​ដដែល​ដូច​ឆ្នាំ​មុន​ៗ​ធ្វើ​យ៉ាងណា​កុំ​ឲ្យ​មានការ​រើសអើង​រវាង​សិស្សានុសិស្ស ប្រឡង​សម័យ​គ្មាន​កូ​វី​ដ​-១៩ និង​សម័យ​ប្រឡង​មាន​កូ​វី​ដ​-១៩ ។​ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តី​ពី​ការ​ប្រកាស​បើក​សាលារៀន និង​បើក​ស្តា​ត​អូ​ឡាំ​ពិ​ក​ឲ្យ​ដំណើរការ​ដូច​ធម្មតា​វិញ​បន្ទាប់​ពី​សម្រេច​ផ្អាក និង​បិទ​ជា​បណ្តោះអាសន្ន​ដោយសារ ព្រឹត្តិការណ៍ ៣ ខែវិច្ឆិកា នៅ​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២០ លោក ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ បាន​បញ្ជា​យ៉ាង​ដូច្នេះ​ថា ៖ «​យើង​មិន​ចង់​ឲ្យ​មានការ​រើសអើង​រវាង​សញ្ញាបត្រ​កូ​វី​ដ និង​សញ្ញាបត្រ​មិន​កូ​វី​ដ ដូច្នេះ​ក្រសួង​តម្រូវ​គ្រឹះស្ថានសិក្សា​អនុវត្ត​កម្មវិធី​សិក្សា​ឲ្យ​បាន​ពេញលេញ ហើយ​ផ្ដល់​រយៈពេល​ចំនួន​៣​ខែ ឲ្យ​គាត់​រៀន​បន្ថែម​ទៀត ។

ក្នុង​រយៈពេល​៣​ខែ​នេះ យើង​បាន​គិតគូ​រួច​ហើយ​ថា ប្រសិនបើ​សិស្ស​គាត់​សិក្សា​បាន​ហ្មត់ចត់ និង​បាន​ម៉ឺងម៉ាត់​បូក​ជាមួយ​គាត់​រៀន​ជាមួយ​អន​ឡាញ​ទៀត​ចឹ​ង​មាន​ពេល​គ្រប់គ្រាន់ ដើម្បី​អាច​មាន​សមត្ថភាព​ប្រឡង​បាន​» ។ លោក​បន្ដ​ថា អ្វី​ដែល​ក្រសួង​អប់រំ​ផ្ដល់​ឲ្យ​សិស្សានុសិស្ស បាន​សិក្សា​ក្នុង​រយៈពេល​៣​ខែ​បន្ថែម​ទៀត​នោះ គឺ​គ្រប់គ្រាន់​សម្រាប់​សិស្សានុសិស្ស​ក្នុង​ការ​ប្រឡង ហើយ​ក្រសួង​ក៏​មិន​មាន​វិធានការ​អ្វី​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ជាមួយ​ការ​សិក្សា​របស់​សិស្សានុសិស្ស​ឡើយ ។ ជាមួយ​គ្នា​នោះ​ដែរ​លោក​រដ្ឋមន្ត្រី​ក៏​បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ចឹ​ង​យើង​រក្សា​ស្ដង់ដារ​ដដែល ព្រោះ​អ្វី? យើង​ចង់​ឲ្យ​សិស្ស​យើង​មាន​សមត្ថភាព​ខ្ពស់​ទោះបី​មាន​កូ​វី​ដ​ក្ដី មិន​មាន​កូ​វី​ដ​ក្ដី គាត់​ចេញ​ទៅ​អាច​រក​ការងារ​ធ្វើ​បាន អាច​រៀន​បន្ដ​បាន ហើយនឹង​មិន​មានការ​រើសអើង​ទេ នៅ​ក្នុង​សង្គម​យើង​»​។ ជាង​នេះ​ទៅ​ទៀត រដ្ឋមន្ដ្រីក្រសួង​អប់រំ​ក៏​បាន​រៀបរាប់​ថា នៅ​សម័យ​កូ​វី​ដ​-១៩ មាន​ប្រទេស​មួយ​ចំនួន​អត់​មានការ​ប្រឡង​ឡើយ គឺ​គេ​ទទួលស្គាល់​ការ​រៀបរ​តែ​ម្ដង ហើយ​មិន​ចាំបាច់​ប្រឡង​គ្រាន់តែ​យក​ពិន្ទុ​ដែល​រៀន​ក្នុង​ថ្នាក់​ធ្វើ​ជា​លទ្ធផល ដើម្បី​ទទួលស្គាល់ ។

សូម​ជម្រាប​ថា អ្នកនាំពាក្យ​ក្រសួង​អប់រំ​ក៏​បាន​ធ្លាប់​លើក​ឡើង​ថា ក្រសួង​អប់រំ​នៅ​តែ​រក្សា​ផ្តល់​ជូន​បេក្ខជន​នូវ​និ​ន្ទេ​ស A. B. C. D​និង E ជូន​ដល់​បេក្ខជន​ដូច​ឆ្នាំ​មុន​ៗ​ផង​ដែរ ។ ហើយរ ដ្ឋ​មន្ត្រី​ក្រសួង​អប់រំ​បាន​ប្រកាន់ គោលការណ៍​«​អ្នកចេះ គឺ​ជាប់ »​នៅ​តែ​រក្សា​ដដែល ។ ជាមួយ​គ្នា​នោះ​ដែរ អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន និង​កីឡា​បាន​លើក​ឡើង​ថា ក្រសួង​នឹង​បន្ត​តាមដាន​នូវ និង​វាយតម្លៃ​ចំពោះ​ស្ថានភាព​វិវត្តន៍​ទាក់ទង​នូវ​ស្ថានភាព​នឹង​ជំងឺ​កូ​វី​ដ​១៩ ហើយ ប្រសិនបើ​មាន​ករណី​ប្រែប្រួល​ក្រសួង​អប់រំ​យុវជន និង​កីឡា​នឹង​ជម្រាប​ជូន​សាធារណៈ ជន​នា​ពេល​ក្រោយ​ស្តី​ពី​ការ​ប្រឡង​សញ្ញាបត្រ​បាក់​ឌុ​ប និង​ឌី​ប្លូ​ម ។ លោក​បន្ថែម​ថា​រហូត​មក​ដល់​ពេល​នេះ​ក្រសួង​មិន​មាន​កំណត់​ការ​ពន្យារពេល ឬ​លើក​ពេល​ការ​ប្រឡង​បាក់​ឌុ​ប និង​ការ​ប្រឡង​ឌី​ប្លូ​ម​នោះ​ទេ ។ សូម​ជម្រាប​ថា ក្រសួង​អប់រំ​យុវជន​នឹង​កីឡា​បាន​កំណត់​យក​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា សម្រាប់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋម​ភូមិ (​ឌី​ប្លូ​ម​) និង​ថ្ងៃ​ទី​២១ ខែធ្នូ សម្រាប់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ (​បាក់​ឌុ​ប​)៕ ប្រភព កោះសន្តិភាព