បន្ទាយមានជ័យ ៖ អាជីវករជ្រេត្រីប្រហុកពីកម្ពុជាទៅថៃ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតប្រាប់ថា ឆ្នាំនេះ និងឆ្នាំមុនមិនខុសគ្នាប៉ុន្មានទេ គឺត្រីពុំសូវសំបូរដូចកាលពីមុនៗឡើយ ។ មកដល់ខែវិច្ឆិកាទៅហើយ អាជីវករថា ទើបមានប្រហុកនាំចេញទៅថៃ 6 ទៅ7ថ្ងៃប៉ុណ្ណោះពោល គឺខុសពីឆ្នាំមុនៗដែលត្រីប្រហុកមាននាំចេញទៅថៃ តាំងពីដើមខែ10 ។អាជីវករខាងលើប្រាប់ថា ឆ្នាំនេះទឹកធំ ប៉ុន្តែជាជំនន់ទឹកភ្លៀងទឹកស្រកលឿនត្រីពុំសូវមានដូចគ្នាហើយការនាំចេញប្រហុកត្រីកំភ្លាញទៅថៃមានតិចតួច ។ជុំវិញករណីនេះ ប្រធានរដ្ឋបាលសង្កាត់ជលផលក្រុងប៉ោយប៉ែត លោក ម៉េង មុន្នីរ័ក្ស ប្រាប់កោះសន្តិភាពថា ការនាំត្រីក្នុងស្រុក (ត្រីប្រហុក)ពីកម្ពុជាទៅថៃ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតឆ្នាំនេះមានការធ្លាក់ចុះ ។
លោកបន្តថា ត្រីតូច ត្រីធំ (ត្រីក្នុងស្រុក)ឆ្នាំនេះ បើប្រៀបធៀបទៅនិងឆ្នាំមុនៗខុសគ្នាមេឃ និងដី ពោល គឺឆ្នាំនេះធ្លាក់ចុះប្រហែល70%។លោកបន្តថា ប្រហុកធ្វើពីត្រីកំភ្លាញឆ្នាំនេះ មានការនាំចេញទៅថៃតិចជាងឆ្នាំមុនៗ គឺ1ថ្ងៃមានប្រហែល3ទៅ4តោនប៉ុណ្ណោះ ខណៈឆ្នាំមុនការនាំចេញប្រហុកត្រីកំភ្លាញទៅថៃ 1ថ្ងៃយ៉ាងតិច5 ទៅ6តោន ។ ពេលសួរពីមូលហេតុមន្ត្រីខាងលើប្រាប់ថា ដោយសារឆ្នាំនេះទឹកធំតែមួយប្រាវ ស្រកវិញលឿនពេក ។
មន្ត្រីខាងលើបន្តថា ឆ្នាំនេះមិនមានត្រីចង្វាសម្រាប់នាំចេញទៅថៃដូចឆ្នាំមុនៗទេ ហើយចំពោះត្រីរ៉ស់,ត្រីផ្ទក់ និងត្រីផ្សេងៗ ក្រៅពីត្រីប្រហុក គឺមិនមាននាំចេញទៅថៃនោះដែរ គឺលក់ផ្គត់ផ្គង់តាមផ្សារក្នុងស្រុក ។ ចំពោះត្រីឆ្លងកាត់ពីព្រំដែនខាងកើតបន្តទៅដល់ថៃក្នុង1ថ្ងៃៗ មន្ត្រីដដែលប្រាប់ថា មានកានាំចេញប្រហែល10តោន ៕ ប្រភព កោះសន្តិភាព