​តារាចម្រៀង​រ៉េ​ប​ល្បីៗរួមគ្នា​អង្រួន​ព្រឹត្តិការណ៍​ជំនួប Mike Tyson នឹង Roy Jones Jr.

0
75

សហរដ្ឋអាមេរិក ៖ តារាចម្រៀង​រ៉េ​ប​ល្បីឈ្មោះ​របស់​សហរដ្ឋអាមេរិក​៣​ដួង​គឺ Lil Wayne, Wiz Khalifa និង French Montana នឹង​បង្ហាញ​វត្តមាន​សម្តែង​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់សកល ដែល​ជា​ការ​វិល​ត្រឡប់​ឡើង​សង្វៀន​វិញ របស់​អតីត​ម្ចាស់​ខ្សែក្រវាត់​ទម្ងន់​ធ្ងន់​ពិភពលោក Mike Tyson ដែល​នឹង​ត្រូវ​តទល់​គ្នា​ជាមួយនឹង​អតីត​ម្ចាស់​ជើងឯក​ពិភពលោក ៤​ប្រភេទ​ទម្ងន់​ផ្សេង​គ្នា Roy Jones Jr. នា​ថ្ងៃ​ទី ២៨ វិច្ឆិកា ឆាប់​ៗ​ខាង​មុខ​នេះ​។
ក្រុមហ៊ុន​ដែល​បង្កើត​ឱ្យ​មាន​ព្រឹត្តិការណ៍​ប្រដាល់​ខាងលើ​គឺ Triller ក៏​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា តារាចម្រៀង​រ៉េ​ប DaBaby និង YG ក៏​នឹង​មាន​វត្តមាន​ក្នុង​ព្រឹត្តិការណ៍​នៅ​ថ្ងៃ​ទី ២៨ វិច្ឆិកា នៅ​ឯ​មជ្ឈមណ្ឌល Staples ក្នុង​ទីក្រុង Los Angeles ដែល​ទទួល​រៀបចំ​សម្រាប់​ការ​ប្រកួត​នេះ​។ទាំង Lil Wayne, Wiz Khalifa និង French Montana បាន​បង្ហោះ​សារ​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​របស់​ពួក​គេ ដើម្បី​បង្ហាញ​ពី​អារម្មណ៍​រីករាយ និង​ជា​កិត្តិយស​បំផុត​សម្រាប់​ពួក​គេ ដែល​អាច​ចូលរួម​សម្តែង​ក្នុង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​មួយ​នេះ ដែល​មាន​វត្តមាន​របស់​វីរបុរស​ប្រដាល់​ដ៏​ល្បីល្បាញ​លើ​ពិភពលោក​ទាំង​២​រូប​។គូសបញ្ជាក់​ថា Mike Tyson និង Roy Jones Jr. បច្ចុប្បន្ន​កំពុង​បន្ត​ធ្វើការ​ហ្វឹកហាត់​យ៉ាង​សកម្ម​ដូច​គ្នា ហើយ​សុទ្ធតែ​បាន​លើក​ឡើង​មិន​ខុស​គ្នា​ថា បាន​ត្រៀមខ្លួន​យកឈ្នះ​សម្រាប់​ការ​ប្រកួត​មួយ​នេះ​៕ ប្រភព កោះសន្តិភាព