ស៊ែគាំទ្រទាំងអស់គ្នា! ល្បុក្កតោ​ត្រៀមខ្លួន​ខ្លាំង​ជាងគេ​ក្នុង​ព្រឹត្តិ​ការណ៍​ស៊ីហ្គេ​ម​2023

0
148

រាជធានី​ភ្នំពេញ ៖ យោង​តាម​ការ​បញ្ជាក់​កីឡាករ​ផ្នែក​ល្បុក្កតោ កំពុង​តែ​មាន​កង្វះខាត​យ៉ាង​ខ្លាំង​នៅ​ក្នុង​ពេល​នេះ បើ​ទោះ​ក្បាច់គុន​មួយ​នេះ មិន​មានការ​ដាក់​រេញ​ដើម្បី​ផ្គូផ្គង​ឡើង​វ៉ៃ​ដូច​គ្នា​នឹង​កីឡាប្រដាល់​ក្ដី ។ មិន​ត្រឹមតែ​កីឡាករ​អាជីព​ប៉ុណ្ណោះ​ទេ មន្ត្រី​ក្នុង​ជួរ​ទាហាន​ច្រើន​នាក់ ក៏​នឹង​ត្រូវ​បង្វឹក​ឱ្យ​ក្លាយជា​ក្បួន​ផង​ដែរ ដោយសារ​តែ​នៅ​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​ដែល​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ គឺ​ក្បួន​របស់​អ្នកឯកទេស​ផ្នែក​ល្បុក្កតោ នឹង​ក្លាយជា​ក្បួន​ដ៏​សំខាន់​សម្រាប់​ការ​បើក​ព្រឹត្តិការណ៍ និង​បិទ​ព្រឹត្តិការណ៍ ដែល​ជា​វេទិកា​ដ៏​សំខាន់​របស់​កម្ពុជា​។

ការ​ត្រៀមខ្លួន​របស់​សហព័ន្ធ​ទាំងមូល​កំពុង​ដុត​ដៃ​ដុត​ជើង​តាំងពី​ក្នុង​ពេល​នេះ​ដើម្បី​ជា​ការ​ត្រៀមខ្លួន​នោះ​ផង​។
យោង​តាម​ការ​បង្ហោះ​ជា​ហូរហែ បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា បងប្អូន​ដែល​ជា​អ្នកឯកទេស​ផ្នែក​ល្បុក្ក​តោ កំពុង​ប្រឹងប្រែង​ក្នុង​ការ​ហ្វឹកហាត់ ដោយ​ការ​ហ្វឹកហាត់​នេះ មិន​គ្រាន់តែ​ជា​ការ​ហ្វឹកហាត់​ដើម្បី​សុខភាព ឬ​សម្រាប់​បង្កើន​សមត្ថភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ការ​ហ្វឹកហាត់​ដើម្បី​ត្រៀមខ្លួន​​សម្រាប់​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣ ដែលកម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​តែ​ម្ដង ។ អ្នក​ទទួល​ការ​បណ្ដុះបណ្ដាល​ក្បាច់គុន​នេះ រួម​មាន​សាលា​នាយទាហាន​សកម្ម កងពលតូច​ឆត្រយោង​៩១១ និង​ក្រុម​ជ​ម្រេ​ី​ស​ជាតិ​ល្បុក្កតោ សុទ្ធតែ​មាន​សកម្មភាព​យ៉ាង​សកម្ម​ក្នុង​ការ​ត្រៀមខ្លួន​នេះ ដោយ​សមាសភាព​ពី​ក្រុម​កងទ័ព​ទាំងនេះ ក៏​នឹង​បង្ហាញខ្លួន​ក្នុង​ក្បួន​ដ៏​ច្រើន សម្រាប់​ព្រឹត្តិការណ៍​បិទ និង​បើក​ស៊ី​ហ្គេ​ម​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ដែរ​។

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា និង​ជា​អនុប្រធាន​សហ​ព័ន្ធ​ល្បុក្កតោ​កម្ពុជា ធ្លាប់​បាន​លើក​ឡើង​ថា សហព័ន្ធ​ល្បុក្កតោ មិនមែន​គ្រាន់តែ​រៀបចំ​កីឡាករ​ដើម្បី​បង្កើត​វិញ្ញាសា​លើក​ដំបូង​ក្នុង​ស៊ី​ហ្គេ​ម​ដែល​កម្ពុជា​បាន​បង្កើត​ឱ្យ​មាន​វិញ្ញាសានេះ​នៅ​ឆ្នាំ​២០២៣​ប៉ុណ្ណោះ​ទេ តែ​ក៏​ត្រូវ​ទទួលខុស​ត្រូវ​លើ​ការ​រៀបចំ​ក្បួន​ដែល​មាន​តម្រូវការ​សមាសភាព​អ្នកចេះ​ល្បុក្កតោ​ដ៏​ច្រើន​តាំងពី​ឥឡូវ​នោះ​ផង​ដែរ ។លោក​ថា សមាសភាព​ក្នុង​ជួរ​ទាហាន​នឹង​ស្នើ​ឱ្យមក​ជួយ​សម្រាប់​ការ​បង្កើត​ក្បួន​នៅ​ពេល​ស៊ី​ហ្គេ​ម​ដំណើរការ​ច្រើន​ណាស់ ដូច្នេះ​ហើយ​ទើប​សមាសភាព​កីឡាករ​ដែល​បាន​បញ្ចូល​ក្នុង​ការងារ​បង្វឹក​ទាហាន​ៗ​នៅ​ក្នុង​ស្ថាប័នរដ្ឋ ក៏​នឹង​ត្រូវ​ស្នើ​ឱ្យមក​ជួយ​ផង​ដែរ ដោយសារ​តែ​តម្រូវការ​អ្នក​ជួយ​បើក​បិទ​ស៊ី​ហ្គេ​ម គឺ​មិន​អាច​ពឹង​តែ​កីឡាករ​ដែល​មាន​អាជីព​ស្រាប់ជា​ពិសេស​នៅ​ពេល​កីឡាករ​ល្បុក្ក​តោ​ភាគច្រើន​ត្រូវការ​ការ​ត្រៀមខ្លួន ដើម្បី​ប្រកួតប្រជែង​យក​មេដាយ​អន្តរជាតិ​នោះ។​

លោក​និយាយ​ថា ស៊ី​ហ្គេ​ម​២០២៣ សល់​ពេល​មិន​ច្រើន​ទៀត​ទេ ហើយ​ផ្នែក​ល្បុក្កតោ គឺ​ត្រូវ​ហត់​ជាងគេ​បន្តិច​ហើយ ព្រោះ​ត្រូវ​បម្រុង​កីឡាករ​សម្រាប់​ដណ្ដើម​យក​មេដាយ​ផង និង​ត្រូវ​ត្រៀម​សមាស​ភាព​ដើម្បី​ធ្វើ​ជា​ក្បួន​បើក និង​បិទ​ក្បាល​ព្រឹត្តិការណ៍​ផង​។លោក​ថា ការងារ​ទី​២​នេះ គឺជា​បន្ទុក​មួយ​ដ៏​ធំ ព្រោះ​ប្រសិនបើ​ការ​រៀបចំ​មិន​បាន​ល្អ និង មិន​បាន​ពី​ចម្ងាយ​នោះ នឹង​ក្លាយជា​រឿង​គួរ​ឱ្យ​ស្ដាយ ដោយសារ​តែ​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣ គឺជា​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​តែ​មួយ​គត់ ដែល​កម្ពុជា​ទទួល​បាន​សិទ្ធិ​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ការ​ប្រកួត​ក្នុង​តំបន់​អាស៊ាន ដែល​ជា​ឱកាស​ឱ្យ​កម្ពុជា​បង្អួត​ក្បាច់គុន​ល្បុក្កតោ​របស់​ដូនតា​ខ្មែរ នៅ​ក្នុង​ក្រសែភ្នែក​អន្តរ​ជាតិ ។ យ៉ាងណា​ក៏​ដោយ នៅ​មិន​ទាន់​ដឹង​ថា នឹង​មាន​សមាសភាព​អ្នក​ឯក​ទេស​​ល្បុក្កតោ​ប៉ុន្មាន​រយ​នាក់​ចូលខ្លួន​នៅ​ក្នុង​ព្រឹត្តិ​ការណ៍​ស៊ី​ហ្គេ​មនា​ពេល​ខាង​មុខ​នោះ​ទេ ដោយ​គ្រាន់តែ​ដឹង​ថា សមាស​ភាព​ផ្នែក​នេះ​នឹង​មាន​ចំនួន​ច្រើន ៕​ ប្រភព ​កោះសន្តិភាព