លោក ប្រាក់ សុខុន បញ្ជាក់ពីសុខភាពរបស់លោកបន្ទាប់ពីបានធ្វើចត្តាឡីស័ក១០ថ្ងៃហើយ

0
104

រាជធានីភ្នំពេញ ​៖ លោកប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា ដែល​ជាអ្នកទទួលបដិសណ្ឋារកិច្ចយ៉ាងជិតស្និទ្ធបំផុតចំពោះសមាសភាគគីរបស់លោក គឺ​លោក​រដ្ឋមន្រ្តីការ​បរទសហុងគ្រី ដែលមានផ្ទុកកូវីដ១៩ អំឡុងពេលប្រមុខការទូតហុងគ្រី បំពេញទស្សនកិច្ចនៅកម្ពុជា ​កាលពី១០ថ្ងៃមុននោះ ។ ពេលនេះលោក ប្រាក់ សុខុន មានសុខភាពលោកល្អជាធម្មតាទេ ។

លោករដ្ឋមន្រ្តីការបរទេសកម្ពុជា ជាមួយមន្រ្តីកម្ពុជា ចម្រុះក្រសួងប្រមាណជាង១ពាន់នាក់ រួមទំាងសម្តេចហ៊ុន សែន ផងដែលពាក់ព័ន្ធករណី៣ វិច្ឆិកានោះ បានតម្រូវឲ្យធ្វើចត្តាឡីស័ក១៤ថ្ងៃ ​។ មានតែមនុស្ស៤នាក់ប៉ុណ្ណោះ ដែលបានរកឃើញថា បានឆ្លងកូវីដ១៩ ។នៅក្នុងពេលឃុំខ្លួនដាច់ពីគេក្នុងផ្ទះ រយៈពេល១០ថ្ងៃមកហើយនោះ ប្រមុខការទូតកម្ពុជាលោកប្រាក់ សុខុន ដែលបានចាប់ដៃជាមួយលោករដ្ឋមន្ត្រី Szijjártó ខុសវិធានការការពាររបស់ក្រសួងសុខាភិបាលនោះបាន​សរសេរនៅបណ្តាញសង្គម Facebook របស់លោកថា «រហូតមកដល់ពេលនេះ គឺសុខភាពលោកល្អជាធម្មតា មិនឡើងកម្តៅ ទទួលទានបាយបានសម្រាកលក់ស្រួល » ។

លោកបានសរសេរក្នុងន័យដើមដូច្នេះ «បន្ទាប់ពីទស្សនកិច្ចលោករដ្ឋមន្ត្រីការបរទេសហុងគ្រីមក ខ្ញុំនៅតែរក្សាទំលាប់ប្រចាំថ្ងៃរបស់ខ្ញុំដដែល គឺក្រោកហាត់ប្រាណខ្ទង់ម៉ោង៥ភ្លឺ ទទួលទានអាហារពេលព្រឹកចន្លោះពីម៉ោង ៦:៤៥ ទៅម៉ោង ៧:០០ រួចចូលបន្ទប់ធ្វើការ (ពេលនេះ គឺធ្វើការក្នុងផ្ទះ) ដូចកាលមិនទាន់មានករណីព្រឹត្តិការណ៍ ៣ វិច្ឆិកា យ៉ាងដូច្នេះ ។ កំដៅក្នុងខ្លួនធម្មតា បាយក៏បាន សម្រាន្តក៏ស្រួល ។ ខ្លាចតែឡើងគីឡូទៅវិញទេ» ។លោកប្រាក់ សុខុន បានឲ្យដឹងថា លោក និងក្រុមគ្រួសារបានអនុវត្តកា​រធ្វើចត្តាឡីស័កបានយ៉ាងហ្មត់ចត់ ហើយលោកនៅតែអាចធ្វើការងារជាប្រចំាថ្ងៃ បានជាធម្មតា ។ ក្នុងពេលចត្តាឡីស័កនេះ លោកបានទាក់ទងទៅលោករដ្ឋមន្រ្តីការបរទេសហុងគ្រីផងដែរ។

«ពេលខ្ញុំសន្ទនាតាមទូរស័ព្ទជាមួយលោករដ្ឋមន្ត្រី Szijjártó ក្រោយពីគាត់ត្រឡប់ដល់ស្រុកគាត់វិញនោះ លោកបានសំដែងការសោកស្តាយយ៉ាងខ្លាំង និងសុំផ្ញើនូវការសុំទោសរបស់លោក ចំពោះការលំបាកដែលបង្កឡើងដោយរូបលោក ។ លោកបញ្ជាក់អះអាងសារជាថ្មីថា ពេលលោកបានធ្វើតេស្តមុនលោកចេញដំណើរមកកម្ពុជា លទ្ធផលពេលនោះ គឺអវិជ្ជមាន ។ ប្រពន្ធ និងកូនលោកក៏ដូចជា សមាជិកគណៈប្រតិភូរបស់លោកទាំងអស់គ្នា លើកលែងតែឯកអគ្គរដ្ឋទូតម្នាក់ សុទ្ធតែអវិជ្ជមានកូវីដ-១៩ ទាំងអស់ រហូតដល់ថ្ងៃនេះ» នេះជាការបញ្ជាក់របស់លោកប្រាក់ សុខុន ៕ ប្រភព Fresh News