រាជធានីភ្នំពេញ ៖ ពិតជាគួរឲ្យអាណិតស្ត្រីម្នាក់យ៉ាងខ្លាំង ដែលខំរកស៊ីសន្សំលុយបានជាង៣ពាន់ដុល្លារ ដាក់នៅក្នុងកាបូបមួយទុកក្នុងតូបលក់ដូរ ដែលប្រាក់នេះទុកសម្រាប់បង់បំណុលធនាគារនៅថ្ងៃខាងមុខ ស្រាប់តែភ្លេចខ្លួនមួយភ្លែតប៉ុណ្ណោះ ត្រូវចោរម្នាក់ចូលទៅលួចយករួចគេចខ្លួនបាត់ស្រមោលទៅ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៤៥នាទីព្រឹកថ្ងៃទី៨ វិច្ឆិកា ឆ្នាំ២០២០ នៅក្នុងភូមិពង្រ សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ប្រភពបន្តថា រយៈពេលប្រមាណកន្លះម៉ោងក្រោយមក ទើបនឹកឃើញកាបូបលុយ ក៏ដើរចូលទៅមើលស្រាប់តែបាត់មិនឃើញទើបមានការឆោឡោ ហើយឆែកកាមេរ៉ាសុវត្ថិភាពមើលឃើញជនសង្ស័យម្នាក់ជិះម៉ូតូម៉ាកហុងដា ធុនសេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ កាំបន្ទះពណ៌ស ១គ្រឿង ទៅឈប់ជិតនោះរួចដើរចូលទៅធ្វើសកម្មភាពលួចយកកាបូបលុយហើយជិះម៉ូតូគេចខ្លួនបាត់ស្រមោលតែម្ដង ។
ស្ត្រីខាងលើ ឈ្មោះលី ស្រីនាង អាយុ៣១ឆ្នាំ បានរៀបរាប់ដោយការសោកស្តាយថា នៅក្នុងកាបូបដែលចោរលួចយកទៅនោះរួមមានលុយជាង៣ពាន់ដុល្លារ កាតទូរស័ព្ទនិងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរផងដែរ ។ស្ត្រីរូបនេះបានបន្តឲ្យដឹងទៀតថា កាលពីវេលាល្ងាចថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ នាងនិងប្ដីបានទៅចូលរួមពិធីមង្គលការសាច់ញាតិ ។ ដោយសារតែអត់មានអ្នកនៅចាំផ្ទះនាងបានសម្រេចយកលុយជាង៣ពាន់ដុល្លារដែលសន្សំបម្រុងទុកបង់ធនាគារ នៅក្នុងទូ មកដាក់ចូលក្នុងកាបូបស្ពាយយកទៅតាមខ្លួនដោយមិនហ៊ានទុកចោលនៅផ្ទះឡើយ ព្រោះខ្លាចបាត់បង់ ។
លុះក្រោយពេលត្រឡប់មកដល់ផ្ទះវិញបាននាំគ្នាចូលដេកនិងពុំបានយកលុយនោះទុកនៅកន្លែងដើមវិញទេ រហូតដល់ព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ដែលជាថ្ងៃកើតហេតុក៏ពុំបានយកលុយទុកក្នុងទូវិញដែរនាងបានស្ពាយជាប់ខ្លួនរហូត ។ ប្រភពដដែលបានបន្តទៀតថា ក្រោយមកនាងដោះកាបូបដាក់លើខ្នងទូក្នុងតូបលក់ដូររួចបានដើរទៅខាងក្រោយរៀបចំយកម៉ូតូជិះជូនកូនទៅផ្ទះដែលស្ថិតនៅក្នុងបរិវេណដីឡូត៍តែមួយនោះដែរ ប៉ុន្តែបញ្ឆេះម៉ូតូអត់ឆេះសោះ ហើយក៏មិនបានត្រឡប់មកតូបវិញភ្លាមៗដែរ ។តាមរូបភាពនៅក្នុងកាមេរ៉ាសុវត្ថិភាពបានបង្ហាញថា ជនសង្ស័យវ័យក្មេងមានអាយុប្រមាណជាង២០ឆ្នាំ ពុំមានពាក់ម៉ាស់បិទមុខឡើយ ហើយម៉ូតូនោះត្រូវបានកាមេរ៉ាសុវត្ថិភាពថតជាប់ផ្លាកលេខថែមទៀតផងដែលសង្ឃឹមថា នគរបាលខណ្ឌកំបូលអាចនិងស្រាវជ្រាវរកមុខសញ្ញាចោររូបនោះឃើញមិនខានឡើយ ។ ចំណែកជនរងគ្រោះជាស្ត្រីក៏បានដាក់ពាក្យបណ្ដឹងរួចរាល់ហើយដែរ ៕ ប្រភព កោះសន្តិភាព
Home ព័ត៌មាន ព័ត៌មានសង្គម គួរឲ្យអាណិតខ្លាំងណាស់! ស្រ្តីម្នាក់ខំរកស៊ីសន្សំលុយបាន ៣០០០ដុល្លា ភ្លេចខ្លួនតែមួយភ្លែតត្រូវចោលចូលលួចទៅបាត់ សំខាន់លុយនេាះសន្សំទុកបង់ធនាគា…(មានវីដីអូ)