ខេត្តពោធិ៍សាត់ ៖ កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ត្រីជាម្ដាយបានដឹកដៃកូនស្រីអាយុ១៤ឆ្នាំ ដើរចូលប៉ុស្ដិ៍នគរបាល ដើម្បីដាក់ពាក្យបណ្ដឹងប្ដឹងប្ដីរបស់ខ្លួន បន្ទាប់ពីកូនស្រីលួចប្រាប់ថា ឪពុករបស់នាងចាប់នាងបំពានសេពសន្ថវៈរហូតពីរបីលើកមកហើយ ។ ករណីនេះកើតឡើងនៅស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ នាពេលថ្មីៗកន្លងមកនេះ ។
សមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលតាលោបានឲ្យដឹងថា ឪពុកបំពានកូនខ្លួនឯងខាងលើនេះឈ្មោះ ហុន ហឿន អាយុ៣៦ឆ្នាំ មានប្រពន្ធអាយុ៣៧ឆ្នាំ ។ ចំណែកក្មេងស្រីរងគ្រោះដែលត្រូវជាកូនបង្កើតមានអាយុ១៤ឆ្នាំ រស់នៅក្នុងបន្ទុកជាមួយឪពុកម្ដាយ ស្ថិតក្នុងស្រុកតាលោសែនជ័យ ។ ហើយបើតាមការសាកសួរ ស្ត្រីជាម្ដាយមិនបានដឹងរឿងករណីបំពានសេពសន្ថវៈនេះទេ លុះចាប់បានសម្រេចលើកទី៣ ទើបកូនស្រីមកប្រាប់ ហើយធ្លាយរឿងតែម្តង ។
សមត្ថកិច្ចបន្តទៀតថា បន្ទាប់ពីទទួលពាក្យបណ្ដឹងរបស់ម្ដាយភ្លាម នាយប៉ុស្ដិ៍រដ្ឋបាលតាលោបានចាត់កម្លាំងចុះពិនិត្យ និងធ្វើការស្រាវជ្រាវនៅកន្លែងធ្វើសកម្មភាពជាបន្ទាន់ ហើយក៏បាននាំខ្លួនជនសង្ស័យជាឪពុកបង្កើតមកប៉ុស្ដិ៍រដ្ឋបាល ដើម្បីសួរនាំជុំវិញបញ្ហាដែលបានកើតឡើងនេះ ។
នៅចំពោះមុខសមត្ថកិច្ច ឪពុករូបនេះបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តអំពើបែបនេះនេះទៅលើកូនស្រីខ្លួនឯងយ៉ាងពិតប្រាកដមែន ដោយបានចាប់បំពានសេពសន្ថវៈកូនស្រីចំនួន៣លើក ប៉ុន្តែបានសម្រេចតែ២លើកទេ ។ បច្ចុប្បន្ន សមត្ថកិច្ចនគរបាលបានបំពេញនីតិវិធីបញ្ជូនជនសង្ស័យទៅកាន់តុលាការ ដើម្បីចាត់ការបន្តទៅតាមផ្លូវច្បាប់ ៕ ប្រភព កោះសន្តិភាព