កុំចេះតែហ៊ាន! ដើរ​ក្លែង​បន្លំ​​​​គេថាខ្លួនជាអង្គរក្ស ដើរ​ជ្រើស​រើស​​អង្គរក្ស ទីបំផុត​ចូល​គុកបានសម្រេច

0
129

ខេត្ត​កែប ៖ បុរស​ម្នាក់​ដែល​កាន់​កាត​ក្លែងបន្លំ​ជា​អង្គរក្ស​ដើរ​ជ្រើសរើស​ទ័ព​ចូល​បម្រើ​ការងារ​ក្នុង​កង​អង្គរក្ស​ហើយ​យក​លុយ​ពី​អ្នក​ចាញ់បោក​កាលពី​ឆាំ្ន​មុន ត្រូវ​បាន​កងរាជអាវុធហត្ថ​ខេត្ត​កែប សហការ​ជាមួយ​បញ្ជាការដ្ឋាន​កង​អង្គរក្ស​បាន​ឃាត់ខ្លួន ។ បុរស​នេះ​ឈ្មោះ សាយ ម៉េ​ង អាយុ​៣១​ឆាំ្ន ត្រូវ​បាន​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​១១​ថ្ងៃត្រង់​ថ្ងៃ​ទី​៥ ខែវិច្ឆិកា​កន្លង​មក​ថ្មី​ៗ​នេះ នៅផ្ទះ​វេរ​លុយ​មួយ​កន្លែង​ស្ថិត​ក្នុង​សង្កាត់​អូរ​ក្រសា ក្រុងកែប​ខេត្ត​កែប ។

លោក អ៊ុ​ក រិ​ទ្ធី​សក្តិ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត​កែប​ទទួល​ផ្នែក​សន្តិសុខ​បាន​ប្រាប់​ឱ្យ​ដឹង​កាលពី​ថ្ងៃ​ម្សិលមិញ​ថា ការ​ឃាត់ខ្លួន​ឈ្មោះ សាយ ម៉េ​ង នេះ​គឺ​បាន​ជាប់​ពាក់ព័ន្ធ​ការ​ប្រើ​កាត​ក្លែង​ក្លាយជា​កង​អង្គរក្ស​ប្រមុខ​ដឹកនាំ ហើយ​ដើរ​ឆបោក​ជ្រើសរើស​ទ័ព​ចូល​បម្រើ​ការងារ​ក្នុង​ជួរ​កង​អង្គរ័ក្ស​ដោយ​យក​ប្រាក់ ។ លោក អ៊ុ​ក រិ​ទ្ធី​សក្តិ មេបញ្ជាការ​ង​កងរាជអាវុធហត្ថ​ខេត្ត​និយាយ​ថា ជនសង្ស័យ​រូប​នេះ​មិន​ត្រឹមតែ​ប្រើ​កាត​ក្លែងបន្លំ​ជា​អង្គរក្ស​ទេ​ថែម​ទាំង​យក​លុយ​ពី​អ្នក​ទាំងនោះ​ទៀត​ផង មុន​ពេល​ចូល​ធ្វើ​អង្គរ័ក្ស​ត្រូវ​បង់លុយ​ជា​មុន ។

ករណី​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​២៦ ខែមករា ឆាំ្ន​២០១៩ ។ លោក អ៊ុ​ក រិ​ទ្ធី​សក្តិ និយាយ​ថា ការ​ឃាត់ខ្លួន​ឈ្មោះ សាយ ម៉េ​ង នេះ​មានការ​ចូលរួម​សហការ​ពី​ខាង​កង​អង្គរក្ស​ដែរ​ដឹកនាំ​ដោយ​លោក​​ឧត្តមសេនីយ៍ទោ ចាន់ ជ្រា ស្នងការ​រង​ស្រាវជ្រាវ​សន្តិសុខ​បញ្ជាការដ្ឋាន​អង្គរក្ស និង​លោក ឯក ឆេ​ង​ហួត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពត​ផង​ដែរ ។ បន្ទាប់​ពី​តុលាការខេត្ត បើក​ការ​សាកសួរ​លើ​ជនសង្ស័យ​តាម​នីតិវិធី​រួច​មក នៅ​រសៀល​ថ្ងៃ​ទី​៧ ខែវិច្ឆិកា ឈ្មោះ សាយ ម៉េ​ង ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ ។តាម​ការ​ឱ្យ​ដឹង​ត្រួស​ៗ​ថា ជន​រូប​នេះ​បាន​ដើរ​ឆបោក​មនុស្ស​ជា​ច្រើន​នាក់​នៅ​ខេត្ត​កែប ខេត្ត​ពោធិ៍​សាត់ និង​ខេត្តព្រៃវែង ក្នុង​ការ​បោស​ប្រាស់​រើស​ជា​កង​អង្គរក្ស ។ ប្រភព​នេះ​ឱ្យ​ដឹង​ថា លុយ​ដែល​ជន​នេះ​ឆបោក​មាន​ប្រមាណ​ជាង​១០​ម៉ឺន​ដុល្លារ ដោយ​មាន​អ្នក​ចាញ់បោក​ជា​ច្រើន​នាក់ ៕​ ប្រភព កោះសន្តិភាព