រាជធានីភ្នំពេញ៖ ក្នុងន័យទប់ស្កាត់នូវការឆ្លងនិងការរីករាលដាលនៃវីរុសកូវីដ ១៩ នៅកម្ពុជា ជាថ្មីម្តងទៀតក្រសួងអប់រំ យុវជន និងកីឡា នាល្ងាចថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹងបន្ទាន់មួយ ដោយសម្រេចផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ជាបណ្ដោះអាសន្ន រយៈពេល០២សប្តាហ៍ នៅរាជធានីភ្នំពេញ និងទីរួមខេត្តកណ្ដាល។សេចក្តីជូនដំណឹងរបស់ក្រសួងបានបញ្ជាក់យ៉ាងច្បាស់ថាការសម្រេច ផ្អាកនេះ ធ្វើឡើងដោយសារតែកង្វះព័ត៌មាន និងកិច្ចសហការពីសំណាក់មាតាបិតា និងអ្នកអាណាព្យាបាល ដែលមានការពាក់ព័ន្ធ ជាមួយនឹងការប៉ះពាល់ដោយផ្ទាល់និងប្រយោលជាមួយនឹងប្រតិភូហុងគ្រីដែលមកបំពេញទស្សនៈកិច្ចនៅកម្ពុជានិងក្រោយមករដ្ឋមន្ត្រីក្រសួងការបរទេសហុងគ្រី ត្រូវបានរកឃើញថាកើតកូវីដ ១៩ នោះ ។
ក្រសួងអប់រំ យុវជន និងកីឡា បានបនត្ថា មិនមានលទ្ធភាពប្រមូលព័ត៌មានបានគ្រប់ជ្រុងជ្រោយពីមាតាបិតា និងអ្នកអាណាព្យាបាលចំនួនប្រមាណ ៩០០នាក់ ដែលបានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាមួយ គណៈប្រតិភូនៃប្រទេសហុងគ្រី និងដែលមានកូនចៅសិក្សា នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន។សេចក្តីជូនដំណឹងរបស់ក្រសួងបានបន្ត ថា «ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ ចូលក្នុងសាលារៀន និងរីករាលដាលក្នុងសហគមន៍ និងដើម្បីរង់ចាំលទ្ធផលនៃការធ្វើតេស្តរកវីរុសកូវី-១៩ ព្រមទាំងទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡាសម្រេចផ្អាកដំណើរការគ្រឹះស្ថានសិក្សា សាធារណៈ និងឯកជន ជាបណ្ដោះអាសន្ន រយៈពេល ០២ សប្តាហ៍ នៅរាជធានីភ្នំពេញ និងទីរួមខេត្ត កណ្ដាល ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ»។ ដូច្នេះក្រសួងបន្តថា គ្រឹះស្ថានសិក្សាត្រូវបន្តដំណើរការ បង្រៀន និងរៀនតាមប្រព័ន្ធ អេឡិចត្រូនិក ។សូមបញ្ជាក់ថានៅព្រឹកថ្ងៃទី ០៨ ខែវិច្ឆិកានេះផងដែរ ក្រសួងសុខាភិបាលបានបញ្ជាក់ថាបានរកឃើញអង្គរក្សខ្មែរមួយរូបដែលបានការពារផ្ទាល់ប្រតិភូហុងគ្រីកើតកូវីដ ១៩ ។
សូមបញ្ជាក់ថា អ្នកនាំពាក្យក្រសួងអប់រំបានឲ្យដឹងថា ក្រសួងបានរកឃើញមានគ្រឹះស្ថានសិក្សាឯកជនចំនួន៨ហើយ ដែលបានប្រាស្រ័យទាក់ទងនឹងគណ:ប្រតិភូ ហុងគ្រី ដែលមានលោកPeter Szijjarto រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី ដែលមានជំងឺកូវីដ-១៩ ។
ក្រៅពីមានសាលាឯកជនទាំង៨នេះ ក៏មានក្លឹបហាត់កីឡាការ៉ាតេដូ១កន្លែង និងមន្ទីរអប់រំ យុវជន និងកីឡាខេត្ត១កន្លែង ក៏មានជាប់ព័ន្ធពាន់នឹងគណៈប្រតិភូហុងគ្រីផងដែរ។ នេះបើតាមការបញ្ជាក់របស់ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ ។ ប្រភព កោះសន្តិភាព