ខត្តកណ្ដាល+រាជធានីភ្នំពេញ ៖ ជនសង្ស័យមិនស្គាល់អត្តសញ្ញាណម្នាក់ត្រូវបានប្រជាពលរដ្ឋព័ទ្ធចាប់បានរួចវាយដំ បណ្ដាលឲ្យរងរបួសរហូតសល់តែដង្ហើមចង្រិត និងមិនសង្ឃឹមថាអាចនឹងរស់នោះឡើយ ក្រោយពីមានការសង្ស័យថា ជននេះធ្វើសកម្មភាពកាប់និងវាយទៅលើស្ត្រីដែលជាកសិករម្នាក់ប្លន់យកគ្រឿងអលង្ការជាង១តម្លឹងបានសម្រេចបណ្ដាលឲ្យស្ត្រីរងគ្រោះរងរបួសធ្ងន់ធ្ងរ រហូតសន្លប់បាត់ស្មារតីខណៈដែលនាងទៅមើលទឹកស្រែ។
ហេតុការណ៍ខាងលើនោះបានកើតឡើងកាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចវាលស្រែត្រពាំងវែង ស្ថិតនៅក្នុងភូមិរកាធំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។ជនសង្ស័យរូបនេះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ មានអាយុប្រមាណ៤០ឆ្នាំ សម្បុរខ្មៅ ស្លៀកខោខូវប៊យជើងខ្លី ពាក់អាវយឺតដៃខ្លីពណ៍ខ្មីមានសរសេរអក្សរអង់គ្លសថា«Rakuten» ពាក់មួកប៉ារ៉ា ប្រដាប់ដោយពូថៅដៃចាស់១និងពិលពាក់ក្បាល១ផងដែរ។ចំណែកស្ត្រីដែលជាជនរងគ្រោះឈ្មោះជិន ស្រីតូច អាយុប្រមាណ៣០ឆ្នាំ មានទីលំនៅក្នុងភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ បានរងរបួសយ៉ាងធ្ងន់ធ្ងរ និងត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ និងបាត់បង់គ្រឿងអលង្ការមាសរួមមានខ្សែក ចិញ្ចៀន ខ្សែដៃ ក្រវិល សរុបជាង១តម្លឹង។
តាមប្រភពពីបុរសចំណាសម្នាក់បាននិយាយថា នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះបានចេញពីផ្ទះតែម្នាក់ឯងទៅមើលទឹកស្រែរបស់គាត់ ដែលមានទីតាំងស្ថិតនៅឯវាលស្រែត្រពាំងវែង ក្នុងភូមិរកាធំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ខណៈនោះបានជួបជនសង្ស័យម្នាក់ខាងលើ ហើយក៏ត្រូវបានជននេះធ្វើសកម្មភាពកាប់និងវាយប្លន់បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរសន្លប់បាត់ស្មារតី រួចដោះយកគ្រឿងអលង្ការទាំងអស់ខាងលើនិងបានលូនគេចខ្លួនក្នុងគុម្ពស្រូវ។តាមប្រភពពីបុរសដដែលបានបន្តទៀតថា ក្រោយពេលជនសង្ស័យលូនគេចខ្លួនមួយសន្ទុះធំ ទើបស្ត្រីរងគ្រោះដឹងខ្លួនឡើងវិញ ហើយបានស្រវាក្រោកឡើងស្រែកឲ្យគេជួយបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈនោះស្ត្រីរងគ្រោះបានប្រាប់ពីភិនភាគជនសង្ស័យទៅកាន់អាជ្ញាធរ និងកម្លាំងប្រជាការពារ សង្កាត់បឹងធំ ខណ្ឌកំបូល ដែលនៅជិតនោះ។បន្ទាប់មកអាជ្ញាធរបានទាក់ទងទៅកាន់ក្រុមគ្រួសារឲ្យនាំយកនាងទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ រួចបានសហការជាមួយប្រជាពលរដ្ឋតាមស្វែងរកជនសង្ស័យនិងបានដាក់កម្លាំងធ្វើការពួនស្ទាក់គ្រប់ច្រកល្ហកប៉ុន្តែពុំបានឃើញឡើយ។តាមប្រភពខាងលើបានបន្តទៀតថា លុះក្រោយមក ក៏បានប្រទះឃើញស្នាមដែលជនសង្ស័យលូនកាត់គុម្ពស្រូវក្នុងស្រែ ទើបនាំគ្នាដើររុករកតាមស្នាមដានលូនក្នុងស្រែនោះរហូតដល់វេលាម៉ោង៩និង៤៥នាទីព្រឹកថ្ងៃដដែល ទើបប្រទះឃើញជនសង្ស័យកំពុងដើរផងលូនផងនៅចំណុចភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ដែលជាភូមិរបស់ស្ត្រីរងគ្រោះរស់នៅនោះ ក៏ព័ទ្ធចាប់ខ្លួនបានតែម្ដង។តាមប្រភពខាងលើបានបន្តទៀតថា បន្ទាប់មកប្រជាពលរដ្ឋបានសួរនាំ ជនសង្ស័យខាងលើបានឆ្លើយដោះសារថា មានបក្ខពួក២នាក់ទៀតជួលខ្លួនឲ្យវាយប្លន់យកគ្រឿងអលង្ការពីស្ត្រីរងគ្រោះ ប៉ុន្តែប្រជាពលរដ្ឋអត់ជឿឡើយ និងបាននាំគ្នាវាយសំពងជនសង្ស័យខាងលើរហូតសល់តែដង្ហើមចង្រិត មុនពេលនគរបាលចុះទៅដល់។ក្រោយពេលចុះទៅដល់កន្លែងកើតហេតុ នគរបាលឆែកឆេរមើលពុំបានឃើញគ្រឿងអលង្ការដែលប្លន់បាននៅជាប់ខ្លួនជននោះឡើយ ហើយក៏មិនអាចសួរនាំបានដែរ ព្រោះជននោះសន្លប់ស្ដូកស្ដឹងបាត់ទៅហើយ បន្ទាប់មកនគរបាលបាននាំយកជនសង្ស័យទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ ប៉ុន្តែពុំទាន់ដឹងថា អាចសង្គ្រោះបានឬមិនបាននោះឡើយ ៕ (កែសម្រួលដោយ ៖ ធីតា) ប្រភព កោះសន្តិភាព