រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា មាននារីស្រស់ស្អាតវ័យក្មេងម្នាក់បានបើករថយន្តស៊េរីទំនើបម៉ាកព្រូសមួយគ្រឿង មករកម្ចាស់នៅក្លឹប EPIC ក្រោយពីពេលយប់រូបនាងមកផឹកស៊ីរាំលេងកំសាន្តរហូតស្រវឹងខ្លាំង ក៏ទាញយកកូនសោឡានរបស់អ្នកអង្គុយសាឡុងក្បែរគ្នាដែលដាក់នៅលើតុក្បែរគ្នាផងនោះជិះយកទៅផ្ទះ លុះព្រឹកឡើងភ្ញាក់ទៅមើល ទើបដឹងថា មិនមែនជាឡានរបស់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចក្លឹបកំសាន្ត EPIC (ក្បែរស្ថានទូតរុស្ស៊ី) ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។តាមប្រភពពីនគរបាលបានប្រាប់ឱ្យដឹងថា នារីវ័យក្មេងរូបនេះបានបើករថយន្តម៉ាកព្រូស ពណ៌ទឹកមាស ពាក់ស្លាកលេខតាកែវ ២B-៣៣៣៦ មួយគ្រឿង មកកាន់ក្លឹបកំសាន្ត EPIC ដែលមានទីតាំងនៅផ្លូវរដ្ឋសភា (ក្បែរស្ថានទូតរុស្ស៊ី) ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ក្នុងគោលបំណងស្វែងរកម្ចាស់ឡាន។
ក្រោយពីរូបនាងមកផឹកស៊ីរាំលេងកំសាន្តនៅក្នុងក្លឹបកំសាន្ត ហើយមានអាការៈស្រវឹងខ្លាំងក៏បើកយករថយន្តដែលជារបស់អ្នកផ្សេងយកទៅដល់ផ្ទះ លុះទាល់តែព្រឹកឡើងពេលភ្ញាក់ពីដេកទៅមើលរថយន្ត ទើបបានដឹងថា មិនមែនជាឡានរបស់ខ្លួន ដោយសារតែរថយន្តដូចគ្នា ចតក្បែរគ្នា ហើយអង្គុយសាឡុងក្បែរគ្នា និងយកកូនសោច្រឡំគ្នា ក្រោយមកខាងក្លឹបក៏ទាក់ទងយកមកកាន់ប៉ុស្តិ៍នគរបាលទន្លេបាសាក់វិញនោះ។
ប្រភពដដែលបន្តថា មុនកើតហេតុ កាលពីម៉ោង៣ទៀបភ្លឺឈានចូលថ្ងៃទី២ ខែវិច្ឆិកានោះក៏មានការភ្ញាក់ផ្អើលមួយ ដោយមានបុរសម្នាក់បាត់រថយន្ត ហើយភ័យស្លន់ស្លោក៏បានរត់មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ ដោយអះអាងថា បានបាត់រថយន្តមួយគ្រឿង ដែលមានលុយចំនួនពី៤ទៅ៥លានរៀល រួមទាំងរបស់របរមួយចំនួនទៀតផង នៅចំណុចក្លឹបកំសាន្ត EPIC ខាងលើ។
ក្រោយពីទទួលបាននូវពាក្យបណ្តឹងអំពីការបាត់រថយន្តម៉ាកព្រូសនោះរួចហើយ លុះដល់ព្រឹកឡើងវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២ វិច្ឆិកានេះ ក៏ស្រាប់តែមាននារីវ័យក្មេងម្នាក់បានបើករថយន្តមានភិនភាគខាងលើ យកមកកាន់ប៉ុស្តិ៍នគរបាល ក្នុងគោលបំណងស្វែងរកម្ចាស់ ហើយកម្លាំងរបស់លោកក៏បានទាក់ទងទៅកាន់បុរសជាម្ចាស់ឱ្យមកមើល និងបញ្ជាក់ថា «វាពិតជារថយន្តរបស់គាត់ ដែលបានបាត់កាលពីយប់ម្សិលម៉ិញពិតប្រាកដមែនទេ»។
ក្រោយពេលដែលនារីវ័យក្មេងស្រស់ស្អាតបានយករថយន្តមកកាន់ប៉ុស្តិ៍នគរបាលទន្លេបាសាក់រួចហើយ ក៏ធ្វើការសាកសួរនាង ដោយនាងនិយាយថា «មកពីនាងមានអាការៈស្រវឹងស្រាខ្លាំង ទើបទាញច្រឡំយកចំកូនសោឡានមួយដែលដាក់នៅលើតុក្បែរគ្នា ហើយជាអ្នកអង្គុយសាឡុងក្បែរគ្នា ថែមទាំងម្យ៉ាងទៀតរថយន្តម៉ាកដូចគ្នា និងចតក្បែរគ្នាទៀត ទើបធ្វើឱ្យមានការច្រឡំ និងបើកយកទៅផ្ទះបែបនេះ»។ក្រោយពីកម្លាំងនគរបាលប៉ុស្តិ៍ទន្លេបាសាក់ធ្វើការសាកសួរនារីរូបស្រស់វ័យក្មេងម្នាក់រួច នៅចំពោះមុខបុរសជាម្ចាស់រថយន្តម៉ាកព្រូសមួយគ្រឿងខាងលើ រួចហើយក៏នាំគ្នាធ្វើការត្រួតពិនិត្យនៅក្នុងរថយន្តដោយឃើញលុយចំនួនពី៤ទៅ៥លានរៀល និងរបស់របបរផ្សេងទាំងអស់នៅដដែលមិនមានការបាត់បង់បន្តិចនោះ ទើបបុរសជាម្ចាស់រថយន្តបានដក ពាក្យបណ្តឹង និងយករថយន្តរបស់ខ្លួនទៅផ្ទះវិញផងដែរ។ ប្រភព Koh Sentepheap