វៀតណាម និងឡាវកំពុងត្រៀមខ្លួនទប់ទល់ ព្យុះទីហ្វុងកំណាច Goni ដែលទើបតែបានផ្តាច់ជីវិត ប្រជាជនហ្វីលីពីន ១៦នាក់

0
136

(វៀងច័ន្ទ)៖ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយរបស់ឡាវបានព្រមានថា ព្យុះទីហ្វុងដ៏សាហាវបំផុតប្រចាំឆ្នាំ២០២០ ដែលមានឈ្មោះថា ហ្គោនី (Goni) អាចនឹងបោកបក់ទៅដល់ភាគអាគ្នេយ៍នៃប្រទេសអាស៊ានមួយនេះ នៅថ្ងៃអង្គារស្អែក ខណៈវាកំពុងតែធ្វើដំណើរឆ្លងកាត់សមុទ្រចិនខាងត្បូង ក្រោយពីទើបបានបោកបក់ហ្វីលីពីនយ៉ាងដំណំ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២០។

បើតាមរបាយការណ៍ពីនាយកដ្ឋានឧតុនិយម នៃក្រសួងបរិស្ថាន និងធនធានធម្មជាតិឡាវ កំពូលព្យុះទីហ្វុង Goni ត្រូវបានគេរំពឹងថា នឹងធ្វើដំណើរទៅដល់ប្រទេសវៀតណាម មុនពេលធ្វើដំណើរទៅដល់ប្រទេសឡាវនៅចន្លោះថ្ងៃអង្គារ និងថ្ងៃពុធសប្ដាហ៍នេះ។ ដោយឡែកបណ្តាខេត្តភាគកណ្តាលប្រទេសវៀតណាម ដែលបានទទួលរងព្យុះកំណាចប៉ុន្មានលើករួចមកហើយ កាលពីអំឡុងខែតុលាកន្លងទៅថ្មីៗនេះ ក៏កំពុងតែត្រៀមខ្លួនទប់ទល់ព្យុះទីហ្វុង Goni ដូចគ្នា ប៉ុន្តែវៀណាមដែលស្ថិតនៅចំមុខព្រួញនៃព្យុះនេះ ត្រូវបានគេព្យាករណ៍ថា នឹងអាចរងគ្រោះធ្ងន់ធ្ងរជាងឡាវ។

Goni បានកកើតឡើងនៅតំបន់ភាគខាងលិចនៃប្រទេសហ្វីលីពីន និងបានបោកបក់ឆ្លងកាត់តំបន់ភាគខាងត្បូងកោះ លូហ្សុន (Luzon) នៃប្រទេសហ្វីលីពីន កាលពីថ្ងៃអាទិត្យកន្លងទៅនេះជាមួយកម្លាំងខ្យល់រហូតដល់ ២២៥គីឡូម៉ែត្រក្នុងមួយម៉ោង និងបានបង្កឱ្យមនុស្សយ៉ាងតិច ១៦នាក់បាត់បង់ជីវិត។

គួររំលឹកថា កាលពីថ្ងៃពុធសប្តាហ៍មុន ព្យុះទីហ្វុង ម៉ូឡាវ (Molave) ដែលបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំង និងគ្រោះទឹកជំនន់ បានវាយប្រហារតំបន់ភាគខាងត្បូងប្រទេសឡាវ និងបានបង្កឱ្យមានការខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងផ្ទៃដីដំណាំជាង ៥១,០០០ហិកតា នៅក្នុងស្រុកចំនួន ១២ នៃខេត្តសុវណ្ណាខេត្ត (Savannakhet)។ ដោយឡែកព្យុះ Molave ដដែលនេះ បានផ្តាច់ជីវិតជនជាតិវៀតណាម ៣៣នាក់ និង ៤៩នាក់ទៀតបាត់ខ្លួន៕ Fresh News