អភិបាលខេត្តកំពត ចុះពិនិត្យដងផ្លូវសំខាន់ៗក្នុងរក្រុង ដើម្បីជំរុញការកែលម្អសោភ័ណភាព និងរៀបចំបន្ថែមប្រព័ន្ធលូដោះទឹក

0
122

(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០នេះ បានដឹកនាំមន្រ្តីនៃមន្ទីរ អង្គភាពជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ក្រុងនិងសង្កាត់ ចុះពិនិត្យទីតាំងតាមដងផ្លូវសំខាន់ៗមួយចំនួន ក្នុងសង្កាត់ទាំង៥ នៃក្រុងកំពត ក្នុងគោលបំណងបង្កើនការជំរុញរៀបចំ កែលម្អប្រព័ន្ធផ្លូវ និងលូដោះទឹកភ្លៀងបន្ថែម រួមនឹងការពង្រឹងរៀបចំសណ្ដាប់ធ្នាប់ សោភ័ណភាព អនាម័យបរិស្ថាន ក្នុងក្រុងកំពត ឲ្យបានកាន់តែប្រសើរឡើងផងដែរ។

ក្នុងឱកាសនោះ លោក ជាវ បានណែនាំដល់មន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរ ក្រុង សង្កាត់ ត្រូវតែសហការគ្នា ឲ្យបានល្អ លើការអនុវត្តន៍គម្រោងកសាងប្រព័ន្ធផ្លូវថ្នល់ លូដោះទឹក ហើយត្រូវតែសិក្សាឱ្យមានប្លង់មេច្បាស់លាស់ តាមលក្ខណៈបច្ចេកទេស មិនអាចមន្ទីរជំនាញ ឬអាជ្ញាធរក្រុង សង្កាត់ណាមួយអនុវត្តតែឯងសម្រេចបានលទ្ធផលជោគជ័យនោះឡើយ។ លោកអភិបាលខេត្ត ក៏បានណែនាំបន្ថែម ដល់អាជ្ញាធរក្រុងកំពត និងសង្កាត់ទាំង៥ ត្រូវបង្កើនស្មារតីឆន្ទៈ ជំរុញការអនុវត្តវិធានការ រក្សាសណ្ដាប់ធ្នាប់សាធារណៈតាមដងផ្លូវ និងរៀបចំសោភ័ណភាព អនាម័យបរិស្ថាន តាមមូលដ្ឋានរបស់ខ្លួនឲ្យបានកាន់តែល្អប្រសើរ ដើម្បីជាភាពទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ មកកម្សាន្តក្នុងខេត្តកំពត ឲ្យបានកាន់តែច្រើនឡើងថែមទៀត។

ទីតាំងសំខាន់ៗជាចំណុចអាទិភាព ត្រូវធ្វើការកែលម្អដាក់ប្រព័ន្ធលូ និងកសាងផ្លូវបេតុង ក្នុងនោះសង្កាត់កំពង់កណ្ដាល ត្រូវកែលម្អដាក់ប្រព័ន្ធលូដោះទឹកភ្លៀង ត្រង់ចំណុចសួនច្បារដើមពោធិ៍ ជាប់ចំណតរថយន្ត និងជិតផ្ទះ លោក អាន ហេ។ ក្រៅពីនោះក៏មានគម្រោងអាទិភាពសំខាន់ៗ ដែលលើកស្នើឡើង ដោយចៅសង្កាត់ ដើម្បីកសាងឲ្យបានឆាប់ៗតាមតម្រូវការសំណូមពរ របស់ប្រជាពលរដ្ឋផងដែរ ក្នុងនោះសង្កាត់អណ្ដូងខ្មែរ សង្កាត់ក្រាំងអំពិល និងសង្កាត់កំពង់បាយ ដែលនឹងត្រូវកសាងប្រព័ន្ធផ្លូវថ្នល់បេតុង និងប្រព័ន្ធលូដោះទឹកភ្លៀងបន្ថែម រួមនឹងការកែលម្អចិញ្ចើមផ្លូវ ដាំដើមឈើអមសងខាងដងផ្លូវមួយចំនួនបន្ថែមទៀត និងរកទីតាំងដើម្បីដាក់កុងតឺន័រ ដោះស្រាយការកកស្ទះសំរាមយកចេញទៅក្រៅក្រុងផងដែរ៕ ប្រភព Fresh News