ធី សុវណ្ណថា បង្កើតមូលនិធីរកអង្ករ និងស្បៀង ដើម្បីជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់

0
70

(ភ្នំពេញ)៖ ដើម្បីចូលរួមជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ នៅតាមបណ្តារាជធានី-ខេត្ត អ្នកនាង ធី សុវណ្ណថា បានប្រកាសបង្កើតមូលនិធីមួយ ដើម្បីស្វែងរកអង្ករ និងស្បៀងឧបត្ថម្ភដល់ជនរងគ្រោះ។

នៅលើបណ្តាញសង្គម Facebook អ្នកនាងធី សុវណ្ណថា បានប្រកាសយ៉ាងដូច្នេះថា៖ «នាងខ្ញុំ បានចូលរួមជាមួយមិត្តភក្ត និងបងប្អូនប្រមូលបាន មូលនិធិជាអង្ករ និងស្បៀង “២០តោន” ដើម្បីចូលរួម ជួយប្រជាជនរងគ្រោះដោយទឹកជំនន់។ ចូលរួម ABA : 000160916 (Thy Sovantha)»។

សូមបញ្ជាក់ថា ជំនន់ទឹកភ្លៀង ដែលបង្កឡើងដោយព្យុះបន្តបន្ទាប់កន្លងមកនេះ បាននិងកំពុងវាយលុក នៅតាមបណ្តារាជធានី-ខេត្តមួយចំនួន ក្នុងប្រទេសកម្ពុជា បង្កឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធ និងទ្រព្យសម្បត្តិរដ្ឋ-ឯកជនមួយចំនួនផងដែរ។

អ្នកនាង ធី សុវណ្ណថា ដែលជាសកម្មជនដ៏ឆ្នើមរបស់អតីតគណបក្សសង្គ្រោះជាតិ កាលពីឆ្នាំ២០១៧ បានប្រកាស ចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ដែលនាងបានដឹកនាំក្រុមយុវជន និងគាំទ្រតាមមូលដ្ឋានរបស់ខ្លួន រហូតដល់ជាង១០ម៉ឺននាក់ មកពី១០០ឃុំ-សង្កាត់ទូទាំងប្រទេសចូលរួមជាមួយផងដែរ។

ក្នុងលិខិតស្នើសុំ ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជារបស់ខ្លួន អ្នកនាងធី សុវណ្ណថា បានបញ្ជាក់ពីមូលហេតុថា «នាងបានស្វែងយល់ការពិតពីស្ថានភាព ពិតនៃប្រទេសកម្ពុជា មានសុខសន្ដិភាព កំណែទម្រង់ល្អ និងមានភាពរីកចម្រើនកាន់តែប្រសើរ ពិសេសគឺគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេច មានគោលនយោបាយល្អ ច្បាស់លាស់ និងបានកែប្រែជីវភាពប្រជាជនឲ្យកាន់តែរីកចម្រើនឡើង»។

អ្នកនាង ធី សុវណ្ណថា បានបញ្ជាក់ទៀតថា «នាងខ្ញុំពិតជាមានការសោកស្ដាយណាស់ ចំពោះពាក្យសម្ដីខុសឆ្គងកន្លងមក ដោយនាងខ្ញុំនៅក្មេងគំនិតរាក់ និងមានទទួលការញុះញ៉ង់ បណ្ដុះបណ្ដាលមនោគមវិជ្ជា ចងគំនុំហិង្សា (លាបពណ៌ជនជាតិខ្មែរថាជាយួន) ពីថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ។ នាងខ្ញុំសូមទទួលកំហុស និងសូមអភ័យទោសពីសម្ដេច ឯកឧត្តម លោកជំទាវ លោកឧកញ៉ា ថ្នាក់ដឹកនាំ និងសមាជិកអ្នកគាំទ្រទាំងអស់នៃគណបក្សប្រជាជនកម្ពុជា»៕ ប្រភព​ fresh news