មេឃុំកំពង់ទ្រាស ស្នើដល់អភិបាលស្រុកក្រូចឆ្មារ

0
467

ត្បូងឃ្មុំ៖ប្រជាពលរដ្ឋនៅឃុំកំពង់ទ្រាស តាមរយៈលោកមេឃុំ បានស្នើដល់អភិបាលស្រុកក្រូចឆ្មារ អោយមានវិធានការទៅលើនគរបាលត្រួតពិនិត្យចរាចរណ៍នៃស្នងនគរបាលស្រុកក្រូចឆ្មារ ដែលធ្វើសកម្មភាពផ្ទុយស្រឡះខុសពីនិតិវីធី និង បទបញ្ជាថ្នាក់ដឹកនាំ ពោលគឺ «ធ្វើដូចចោរមកពួនស្ទាក់ប្លន់» ធ្វើអោយមានការខឹងសម្បាយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋទូទាំងឃុំកំពង់ទ្រាស។

នេះបើយោងតាមលិខិតមួយច្បាប់របស់លោកឈន ស៊ីវឡេង មេឃុំកំពង់ទ្រាស ផ្ញើទៅកាន់ លោក សយ ទូច អភិបាលស្រុកក្រូចឆ្មារ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ដែល CPC NEWS ទើបទទួលបាន នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ នេះ។

នៅក្នុងលិខិតដដែលនោះ បានបញ្ជាក់ថា កន្លងមក នគរបាលចរាចរមួយរូបឈ្មោះ ស៊ាន កុសល បានធ្វើការបោះសញ្ញាចរាចរណ៍ចល័តចុះឡើងៗ ត្រូវចំម៉ូតូអ្នកធ្វើដំណើរ ពេលគេកំពុងជិះ ព្រោះមិនដឹងថា មានគោលដៅត្រួតពិនិត្យចរាចរណ៍ បានបណ្ដាលឲ្យមានការប៉ះពាល់ និង ខូចខាតទ្រព្យសម្បត្តិផ្ទាល់ខ្លួន។

មួយវិញទៀត ប្រជាពលរដ្ឋនៅក្នុងឃុំកំពង់ទ្រាស ក៏បានស្នើដល់អភិបាលស្រុកក្រូចឆ្មារ អនុគ្រោះចំពោះម៉ូតូអត់ពន្ធផងដែរ ដោយសារតែប្រជាពលរដ្ឋរស់នៅក្នុងឃុំកំពង់ទ្រាសមួយចំនួនធំមានជីវភាពក្រីក្រ ទិញម៉ូតូអត់ពន្ធមកប្រើប្រាស់ជាច្រើនគ្រួសារ ដែលធ្វើឲ្យប្រឈមនឹងការពិន័យអន្តរការណ៍នៃច្បាប់ចរាចរណ៍ផ្លូវគោក ដោយទុកពេលឲ្យពលរដ្ឋរកប្រាក់បង់ពន្ធសិន ។

ទោះបីយ៉ាងណា បញ្ហានេះ នៅពុំទាន់ឃើញខាងនគរបាលត្រួតពិនិត្យចរាចរណ៍នៃស្នងនគរបាលស្រុកក្រូចឆ្មារ មានប្រតិកម្ម បែបណានៅឡើយទេ ៕